នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ អង្គការហ្គូដណេប៊ឺសកម្ពុជា និងក្រុមហ៊ុនអ៊ិលជី អេឡិចត្រូនិច បានរៀបចំពិធីប្រគល់ថវិកាគម្រោងដល់តំណាងយុវជនចំនួន ៦នាក់ ដែលបានជ្រើសរើសដោយជោគជ័យសម្រាប់ គម្រាងឯកអគ្គរាជទូតក្រុមហ៊ុុនអ៊ិលជី ២០២១ ដើម្បីដឹកនាំសមាជិកយុវជនរបស់ពួកគេ ក្នុងការអនុវត្តគម្រោងក្រុមហ៊ុនអ៊ិលជីនេះ។ គោលបំណងនៃគម្រោងឯកអគ្គរាជទូតក្រុមហ៊ុនអិលជី ២០២១ គឺដើម្បីជំរុញទឹកចិត្តដល់អ្នកទាំងឡាយណាដែលមានគំនិតឆ្នៃប្រឌិតខ្ពស់ក្នុងការចួលរួម ដោះស្រាយបញ្ហាដែលកើតមានឡើងនៅក្នុងសហគមន៍របស់ពួកគេ។
លោក គីម គ្យុងហ្គូ តំណាងក្រុមហ៊ុនអ៊ិលជី អេឡិចត្រូនិច បាននិយាយថា គម្រោងឯកអគ្គរាជទូតក្រុមហ៊ុនអិលជី ២០២១ គឺជាគម្រោងដែលមានការចូលរួមជាមូលនិធិរវាងក្រុមហ៊ុនអ៊ិលជី អេឡិចត្រូនិច និង Community Chest of Korea ដែលអង្គការហ្គូដណេប៊ឺសកម្ពុជា ជាដៃគូអនុវត្តគម្រោង។
យុទ្ធសាស្ត្រសំខាន់របស់ក្រុមអ៊ិលជី អេឡិចត្រូនិច គឺការលើកកម្ពស់ស្តង់ដាអាជីវកម្ម ការលើកកម្ពស់ការចូលរួម និងការអភិវឌ្ឍសង្គមនិងការលើកកម្ពស់អាជីវកម្មសង្គម និងបរិស្ថាន។
លោក ចាំង ដុងវុន នាយកប្រចាំប្រទេសនៃអង្គការហ្គូដណេប៊ឺសកម្ពុជា បានលើកឡើងថា អង្គការហ្គូដណេប៊ឺសកម្ពុជាជាអង្គការមិនស្វែងរកប្រាក់ចំណេញ និងធ្វើការងារដោយផ្ដោតលើកម្មវិធីចម្បងចំនួនប្រាំបីរួមមាន កម្មវិធីគាំពារកុមារ អប់រំ សុខភាព ទឹកស្អាត និងអនាម័យ កម្មវិធីបង្កើនប្រាក់ចំណូល ការស្វែងរកការគំាទ្រមតិ ការពង្រឹងភាពជាម្ចាស់ការក្នុងសហគមន៍ និងការអភិរក្សបរិស្ថាន។
ហ្គូដណេប៊ឺសកម្ពុជាអនុវត្តសកម្មភាពគម្រោងក្រោមកិច្ចសហការជាមួយរដ្ឋាភិបាល អង្គការពាក់ព័ន្ធ និងដៃគូនៅក្នុងសហគមន៍ ដើម្បីបង្កើតសង្គមមួយ ដែលសប្បាយរីករាយ និងរួចផុតពីភាពក្រីក្រ ។
គម្រោងឯកអគ្គរាជទូតក្រុមហ៊ុនអិលជី ២០២១ ត្រូវបានប្រកាសជាផ្លូវការនៅកំឡុងខែធ្នូ ឆ្នាំ ២០២០ និងទទួលបានការដាក់សំណើរគម្រោងចំនួន ៣៥ សរុប។ ជាលទ្ធផល មានគម្រោងចំនួន ០៦ ដែលត្រូវបានជ្រើសរើសសម្រាប់វគ្គផ្តាច់ព្រត័ និងផ្តួចផ្តើមដោយក្រុមយុវជនរួមមាន៖
១. គម្រោងធ្វើអោយប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធសាសាបឋមសិក្សាចំនួន ០៤ នៅខណ្ឌដង្កោ រាជធានីភ្នំពេញ
២. គម្រោងអណ្តូងទឹកល្អនៅក្នុងសហគមន៍ ស្រុកកោះញែក ខេត្តមណ្ឌលគិរី
៣. គម្រោងបណ្ណាល័យល្អនៅសាលាបឋមសិក្សាមឹល ស្រុកស្នួល ខេត្តក្រចេះ
៤. គម្រោងលើកកម្ពស់សុខភាព ទឹកស្អាត និងអនាម័យ ស្រុកថ្មគោល ខេត្តបាត់ដំបង
៥. គម្រោងលើកកម្ពស់ការទុកដាក់សម្រាមនៅសហគមន៍បណ្តែតទឹក ស្រុកឯកភ្នំ ខេត្តបាត់ដំបង
៦. គម្រោងមិត្តអប់រំមិត្តដើម្បីគុណភាពសិក្សារ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ
តំណាងយុវជនចំនួន ២រូប ក្នុងចំណោម ៦រូប បាននិយាយស្រដៀងគ្នាថា ពួកគាត់ពិតជាសប្បាយរីករាយណាស់ដែលពួកគាត់ត្រូវបានជ្រើសរើសជា យុវជនឯកអគ្គរាជទូតរបស់ក្រុមហ៊ុនអ៊ិលជី និងបានត្រៀមខ្លួនរួចជាស្រេចដើម្បី អភិវឌ្ឍសហគមន៍របស់ពួកគេក្នុងពេលឆាប់ៗនេះ។
លោក ទិត្យ ប៊ុណ្ណា ប្រធានទីផ្សារនៃក្រុមហ៊ុនអ៊ិលជី អេឡិចត្រូនិច បានបញ្ជាក់ថាគម្រោងឯកអគ្គរាជទូត នេះគឺត្រូវបានធ្វើឡើងដើម្បីចូលរួមការងារសុខុមាលភាពសង្គម ឬជាផ្នែកមួយនៃការទទួលខុសត្រូវសង្គមសាជីវកម្ម។ ព្រឹត្តិការណ៍នេះមិនត្រឹមតែមិនបង្កើតផលប៉ះពាល់ដល់សង្គមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយពង្រឹងសមត្ថភាពយុវជនតាមរយៈការងារជាក្រុមដើម្បីសម្រេចបានគោលដៅរួម បង្កើតទំនាក់ទំនង និងជំនាញដោះស្រាយបញ្ហាក្នុងចំណោមក្រុមរបស់ពួកគេ ដែលជាបទពិសោធន៍ដ៏អស្ចារ្យមួយសម្រាប់អនាគតរបស់ពួកគេផងដែរ។
ជាចុងក្រោយ លោក ប៊ុណ្ណា បានផ្តល់សារលើកទឹកចិត្តដល់យុវជនទាំងអស់ដែលបានចូលរួមក្នុងព្រឹត្តិការណ៍នេះ និងសមាជិកដទៃទៀតដែលនឹងចូលរួមក្នុងគម្រោងនេះ។ ហើយលោកក៏បានលើកទឹកចិត្តដល់អ្នកដែលមិនត្រូវបានជ្រើសរើសជាឯកអគ្គរាជទូតយុវជន សូមកុំបោះបង់ និងរង់ចាំឱកាសលើកក្រោយទៀតនាពេលអនាគត ព្រោះក្រុមហ៊ុនអ៊ិលជី អេឡិចត្រូនិច នឹងបន្តអនុវត្តសកម្មភាព ស៊ីអេសអរ ផ្សេងៗដើម្បីជួយប្រជាជនកម្ពុជាលើកកម្ពស់ជីវភាពរស់នៅតាមការបំផុសគំនិតពីពាក្យស្លោករបស់អេលជី “ ជីវិត គឺល្អជាមួយអ៊ិលជី” ។