វិធីសាស្ត្រទីបីរបស់អង្គការហ្គូដណេប៊ឺសកម្ពុជា គឺការកសាងភាពជាដៃគូជាមួយអ្នកចូលរួមនៅក្នុងគម្រោងរបស់យើង រួមទាំង គ្រួសារ និងកុមារដែលងាយរងគ្រោះបំផុត។ វិធីសាស្ត្រភាពជាដៃគូរបស់អង្គការហ្គូដណេប៊ឺសកម្ពុជា រួមមានដូចខាងក្រោម៖
សមធម៌៖ អង្គការហ្គូដណេប៊ឺសកម្ពុជា ធ្វើការងារជាមួយសហគមន៍ រដ្ឋាភិបាល និងស្ថាប័នផ្សេងទៀត ដោយជឿជាក់ថាដៃគូទាំងអស់អាចចូលរួមចំណែកជាធនធាន និងជំនាញសម្រាប់ឆ្ពោះទៅសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ជារួម។
តម្លាភាព៖ តម្លាភាពមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ការកសាងទំនុកចិត្តជាមួយដៃគូរបស់យើង។ វាជុំរុញឱ្យមានកិច្ចសហការ និងធានាបានថារាល់ការសម្រេចចិត្តទាំងអស់ប្រកបទៅដោយទំនួលខុសត្រូវចំពោះសង្គម។
អត្ថប្រយោជន៍រួម៖ អង្គការហ្គូដណេប៊ឺសកម្ពុជា ធ្វើការងារជាមួយដៃគូ និងសហគមន៍ ដើម្បីបង្កើនការចួលរួមចំណែក និងបំពេញបន្ថែមអត្ថប្រយោជន៍អោយគ្នាទៅវិញទៅមក ដើម្បីសម្រេចនូវគោលដៅរួមមួយ។
សហគមន៍គឺជាភាគីពាក់ព័ន្ធចម្បង៖ អង្គការហ្គូដណេប៊ឺសកម្ពុជាធ្វើការងារដើម្បីធានាថាសហគមន៍ មានឱកាសចូលរួមនៅគ្រប់ដំណាក់កាលទាំងអស់នៃវដ្ដគម្រោង ក្នុងនោះរួមមាន ដំណាក់ការវិភាគស្ថានភាព រៀបចំផែនការ អនុវត្ត តាមដាន និងវាយតម្លៃ។
គ្មានការរើសអើង៖ អង្គការហ្គូដណេប៊ឺសកម្ពុជា ផ្ដល់ជំនួយអភិវឌ្ឍន៍ដល់កុមារ និងគ្រួសារដែលងាយរងគ្រោះបំផុតដោយមិនគិតអំពីពូជសាសន៍ សាសនា យេនឌ័រ គណបក្សនយោបាយ ជនជាតិ ឬសមត្ថភាពឡើយ។ សូម្បីដៃគូសហការរបស់យើងក៏ចាំបាច់ត្រូវធានាថានឹងមិនមានការរើសអើងដោយហេតុផលណាមួយទៅកាន់ក្រុមគោលដៅរបស់យើងឡើយ។។
ទំនួលខុសត្រូវផ្នែកហិរញ្ញវត្ថុ៖ គ្រប់ដៃគូសហការទាំងអស់មានទំនួលខុសត្រូវរួមគ្នាលើរាល់ការចំណាយមូលនិធិទាំងអស់ ត្រូវប្រកបដោយភាពឆ្លាតវៃ និងមានគណេយ្យភាពចំពោះម្ចាស់ជំនួយ និងសហគមន៍ដែលយើងធ្វើការជាមួយផងដែរ។
ការប្រាស្រ័យទាក់ទងដោយសង្គតិភាព៖ អង្គការហ្គូដណេប៊ឺសកម្ពុជា រក្សាទំនាក់ទំនងបើកចំហ និងប្រកបដោយវិជ្ជាជីវៈជាមួយនឹងគ្រប់ភាគីពាក់ព័ន្ធទាំងអស់។ យើងតែងព្យាយាមដោះស្រាយរាល់បញ្ហា ប្រកបដោយសន្តិវិធី និងប្រកាន់ខ្ជាប់នូវការសម្រេចចិត្តដែលទទួលបានការព្រមព្រៀងពីភាគីជាដៃគូ។
ការសម្របសម្រួល៖ អង្គការហ្គូដណេប៊ឺសកម្ពុជាសម្របសម្រួលភាគីពាក់ព័ន្ធទាំងអស់ដើម្បីបញ្ចៀសរាល់ការប្រើប្រាស់ធនធានមិនមានប្រសិទ្ធភាព និងប្រសិទ្ធផល។ ជាទៀងទាត់ ដៃគូទាំងអស់តែងចែករំលែកនូវព័ត៌មានអំពីកម្មវិធីអភិវឌ្ឍន៍ផ្សេងៗផងដែរ។
ការសិក្សា៖ តាមរយៈការបង្កើតឱ្យមានបរិយាកាសសិក្សាដោយច្នៃប្រឌិត អង្គការអាចពង្រឹងសមត្ថភាព ស្ថាប័នរបស់ខ្លួន ព្រមទាំងប្រជាជនគោលដៅរបស់យើងផងដែរ តាមរយៈការកំណត់អត្ថប្រយោជន៍រួម និងសិក្សាជាមួយគ្នា។
ការតាមដាន និងវាយតម្លៃ៖ សមាជិកសហគមន៍ តំណាងអ្នកចូលរួម និងភាគីពាក់ព័ន្ធទាំងអស់ ជាផ្នែកមួយនៃក្រុមតាមដាន និងវាយតម្លៃដើម្បីធ្វើការវាយតម្លៃប្រសិទ្ធិភាពនៃកិច្ចអន្តរាគមន៍របស់អង្គការ។